ដំណើរបំពេញបេសកកម្មផ្លូវរដ្ឋរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង «កិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី» នៅទីក្រុង សូឈី ( Sochi ) សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី ១៩-២០ ខែ ឧសភា ឆ្នាំ ២០១៦ ជាដើមចមធ្វើឲ្យនិស្សិតស៊ីវិល និងសិក្ខាកាមយោធាកម្ពុជាបានមានឱកាសជួបជុំគ្នា និងពិភាក្សាគ្នាពីបញ្ហានានា ដោយក្នុងនោះបញ្ហាចោទចំបង គឺប្រធានបទ ចំនួននិស្សិតអាហារូបករណ៍ស៊ីវិលមានការធ្លាក់ចុះជាលំដាប់ បើធៀបនឹងសិក្ខាកាមយោធាកម្ពុជាដែលជារៀងរាល់ឆ្នាំតែងតែមានការកើនឡើងជាលំដាប់។ ការពិភាក្សារវាងនិស្សិតស៊ីវិល និងសិក្ខាកាមយោធាដែលកំពុងសិក្សានៅតាមបណ្តាទីក្រុងមួយចំនួនដូចជា៖ រដ្ឋធានីម៉ូស្គូ ទីក្រុងទូឡា ទីក្រុងវ៉ារ៉ូញៀស ទីក្រុងបែលហ្គូរ៉ូដ ទីក្រុងក្រាស្នាដា ទីក្រុងតាំប៊ូស ទីក្រុងសាន់ពីទ័រស្បឺក ទីក្រុងអ៊ូហ្វា ទីក្រុងកាសាន ទីក្រុងផេនហ្សា…… បានបន្តជាហូរហែរហូតដល់ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៧ ដែលមាននិស្សិត និងសិក្ខាកាមយោធាចូលរួមប្រជុំប្រមាណជា ១៥០ នាក់។ ការប្រជុំនេះត្រូវបានបែងចែកជាពីរលើក៖
- លើកទី១ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្រោយពិធីជួបសំណេះសំណាលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនិសិ្សត សិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី។
- លើកទី២ ចាប់ពីថ្ងៃទី ០១ ដល់ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៧ ជាថ្ងៃប្រជុំសម្រេចបង្កើតសមគមនិស្សិត ដែលការប្រជុំនេះប្រព្រឹត្តទៅនៅតាមបណ្តាទីក្រុងនីមួយៗរៀងខ្លួនៗ បន្ទាប់មកធ្វើការសម្រេចរួមគ្នា នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៧។ នៅក្នុងកិច្ចប្រជុំតំណាងដែលធ្វើឡើងតាមរយៈ Video Call។ ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចមូលមតិគ្នាបង្កើតជាសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីនេះឡើង ដែលមានលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំសមាគមផ្ទាល់ខ្លួន។
ដោយយោងតាមស្មារតីនិស្សិត និងសិក្ខាកាមយោធាទាំងអស់ដែលកំពុងសិក្សានៅតាមបណ្តាទីក្រុងនានា និងរដ្ឋសហព័ន្ធ ដែលចំណុះឲ្យសហព័ន្ធរុស្ស៊ី បានមូលមតិគ្នាចងក្រងជាគំនិតឲ្យមានការបង្កើតឡើងនូវសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ក្រោមសកម្មភាពការងារចំបង ៣ ធំ ៗគឺ៖
១. កិច្ចការនិស្សិត
២. កិច្ចការសង្គម (សំដៅផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា និងពិភពលោក)
៣. កិច្ចការវប្បធម៌ (ផ្សព្វផ្សាយ ការពារ អភិរក្ស និងអភិវឌ្ឍន៍នូវគ្រប់រូបភាពនៃវប្បធម៍ជាតិ) ។
សមាគមនិស្សិតជាស្ថាប័នដែលធ្វើសកម្មភាព មិនរកប្រាក់កម្រៃ មិនធ្វើសកម្មភាពនយោបាយ និងមិនប្រកាន់និន្នាការនយោបាយ សាសនាណាមួយឡើយ។
រាល់សកម្មភាពទាំងឡាយណាដែលអាចប្រើប្រាស់ក្នុងគោលបំណងនយោបាយ ដូចជាយុទ្ធនាការនយោបាយ ការបង្កើតមូលនិធិសម្រាប់គាំទ្រសកម្មភាពនយោបាយ ការបង្ហាញចំណាប់អារម្មណ៍នយោបាយជាដើម ពុំមែនជាសកម្មភាពរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីឡើយ។
សមាគមនិសិ្សតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីប្រៀបបីដូចជាស្ថាប័នសភាយុវជនកម្ពុជាដែលកំពុងបំពេញបេសកកម្មការងារក្នុងផ្នែកវប្បធម៌ សិល្បៈ សិក្សាធិការ ទំនាក់ទំនង និងព័ត៍មាន។