រចនាសម្ព័ន្ធដឹកនាំសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី

ក. ក្រុមប្រឹក្សាភិបាល

សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​មាន​ក្រុម​ប្រឹក្សា​ភិបាល ជា​ស្ថាប័ន​សម្រាប់​ត្រួត​ពិនិត្យ​មើល​រាល់​សកម្មភាព និង​ដំណើរ​ការប្រព្រឹត្តិទៅនៃសមាគមនិស្សិត។

ក្រុមប្រឹក្សាភិបាល មានតួនាទីត្រួតពិនិត្យជាប្រចាំនូវសកម្មភាពការងាររបស់ប្រធាន និងអនុប្រធានសមាគម។

ក្រុមប្រឹក្សាភិបាល មាន​ចំនួន​សមាជិក​ប្រែប្រួល​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង ដែល​ជា​ចំនួន​នេះ​ជា​ចំនួន​សេស (៣ ៥ ៧....) និង កើត​ចេញ​ពីការ​បោះឆ្នោត​ជ្រើស​រើស​រៀង​រាល់ ១ ឆ្នាំ​ម្តង​។

ក្រុម​ប្រឹក្សា​ភិបាល មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ផ្សេងៗ​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ និង​បញ្ហា​សំខាន់​ផ្សេង​ទៀត។

ខ. ប្រធានសមាគម

ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​កើត​ចេញ​ពី​ការបោះឆ្នោត​ជ្រើស​រើស​ដោយ​សមាជិក សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី រៀង​រាល់ ២ ឆ្នាំ​ម្តង​​។

ប្រធាន​សមាគម​និស្សិត​តំណាង​ឲ្យ​និស្សិត សមណៈ​និស្សិត និង​សិក្ខាកាម​យោធា​កម្ពុជា​ទាំង​អស់​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី​​។

ប្រធាន​សមាគម​និស្សិត​មិន​អាច​យក​តួនាទី​នេះ​ធ្វើ​សកម្មភាព​នយោបាយ​ណាមួយ​បាន​នោះ​ទេ។

ប្រធាន​សមាគម​និស្សិត​ជា​តួអង្គ​ដ៏​ចំបង​ក្នុង​សកម្មភាព​ការងារ​រដ្ឋបាល ទំនាក់​ទំនង និង​ជា​តួអង្គ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ដោះ​ស្រាយ​រាល់​បញ្ហានានា​ដែល​និស្សិត សមណៈ​និស្សិត និង​សិក្ខា​កាម​យោធា​កម្ពុជា បាន​ជួប​ប្រទះ​។

គ. អនុប្រធានសមាគមនិស្សិត

អនុ​ប្រធាន​សមាគម​និស្សិត​ខ្មែរ ប្រចាំ​សហព័ន្ធ​រុស្ស៊ី​មាន អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​សិក្ខាកាម​យោធា អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​និស្សិត​ស៊ីវិល និង​អនុ​ប្រធាន​ទទួល​បន្ទុក​ប្រចាំ​ការ​នៅ​កម្ពុជា​។ ចំនួន​អនុប្រធាន អាស្រ័យ​លើ​ស្ថានភាព​ចាំបាច់​ជាក់ស្តែង​របស់​សមាគម​និស្សិត​។

អនុ​ប្រធាន​សមាគម​និស្សិត​ទទួល​បន្ទុក​ផ្នែក​និស្សិត​ស៊ីវិលត្រូវ​ជ្រើស​តាំង​ដោយ​ប្រធាន​សមាគម​និស្សិត​ក្នុង​អាណត្តិ និង​ត្រូវ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​ក្រុម​ប្រឹក្សា​ភិបាល​។

អនុ​ប្រធាន​សមាគម​មាន​តួនាទី​ជា​អ្នក​ជួយ​សម្រួល និង​ជំនួស​ការងារ​របស់​ប្រធាន​សមាគម​។

អនុ​ប្រធាន​សមាគម​និស្សិត​ទទួល​បន្ទុក​ផ្នែក​សិក្ខាកាម​យោធា​កើត​ឡើង​ដោយ​ការ​តែង​តាំង ដោយ​អនុព័ន្ធ​យោធា​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី​។

អនុ​ប្រធាន​សមាគម​មាន​អាណត្តិ ២​ឆ្នាំ​ទៅ​តាម​អាណត្តិ​របស់​ប្រធាន​សមាគម​។

អនុ​ប្រធាន​សមាគម​និស្សិត​មាន អនុ​ប្រធាន​សមាគម​និស្សិត​ទទួល​បន្ទុក​ផ្នែក​សិក្ខាកាម​យោធា អនុ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​និស្សិត​ស៊ីវិល អនុ​ប្រធាន​ទទួល​បន្ទុក​ប្រចាំ​ការ​នៅកម្ពុជា។

ឃ. ក្រុម​និស្សិត​តាម​បណ្តាទីក្រុង

ក្រុម​និសិ្សត​​ខ្មែរ​តាម​បណ្តា​ទីក្រុង​នីមួយៗ​ត្រូវ​តែ​ចំណុះ​ឲ្យ​សមាគម​និស្សិត​ខ្មែរប្រចាំសហព័ន្ធរុស្ស៊ី។

ក្រុម​និសិ្សត​ខ្មែរ​តាម​បណ្តាទីក្រុងនីមួយៗអាច​មាន រចនា​សម្ព័ន្ធ​គ្រប់គ្រង ទ្រព្យ​សម្បត្តិ​ផ្សេងៗ និងស្វ័យភាព​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង​។

ង. សមាជិក សមាជិកាសមាគមនិស្សិត

សិស្ស និស្សិត និងសិក្ខាកាមយោធា ដែលមានសញ្ជាតិកម្ពុជា ឬជាជនជាតិខ្មែរ ហើយដែលកំពុងសិក្សា និងរស់នៅក្នុងសហព័ន្ធរុស្ស៊ី មានសិទ្ធជាសមាជិក សមាគមនិស្សិត។

សិស្ស និសិ្សត និង​សិក្ខាកាម​យោធា​កម្ពុជា ដែល​មក​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី ទោះ​ក្នុងរយៈពេល​វែង ឬខ្លី ជាសមាជិក សមាជិកា​នៃ​សមាគម​និស្សិត ដោយ​អនុលោម​តាម​មាត្រា ១២ នៃ​លក្ខន្តិកៈ​សមាគម​និស្សិត​។

លក្ខខណ្ឌ​នៃ​ការបាត់បង់​សមាជិក​ភាព៖

  • ទទួលមរណភាព
  • បាន​ដាក់​ពាក្យ​សុំលា​ឈប់​ដោយ​ផ្ទាល់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ​ជូន ក្រុម​ប្រឹក្សាភិបាល ឬ​ប្រធាន អនុ​ប្រធាន​សមាគម​និស្សិត ឲ្យ​បាន ០២​(ពីរ)សប្តាហ៍​មុន​ថ្ងៃ​ឈប់​ពី​សមាជិក​នៃ​សមាគម​និស្សិត
  • មិន​គោរព​តាម​លក្ខន្តិកៈ បទ​បញ្ជាផ្ទៃក្នុង និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​សមាគម​និស្សិត
  • សមាជិក បញ្ចប់​ការ​សិក្សា​ទាំង​ស្រុង ពីសហព័ន្ធរុស្ស៊ី
  • មានជាប់ពិរុទ្ធផ្សេងៗ។

Association Hierarchy