ស្វែងយល់អំពីរុស្ស៊ី

ប្រាក់ឧបត្ថម្ភ និង ការចំណាយ សម្រាប់និស្សិតទទួលបានអាហារូបករណ៍មកសិក្សានៅសហព័ន្ធរុស្ស៊ី (សម្រាប់និស្សិតផ្នែកស៊ីវិល)

ដោយហេតុតែមានប្អូនៗនិស្សិតយើងជាច្រើននាក់បានសួរមកកាន់គេហទំព័រផ្លូវការរបស់សមាគមនិស្សិត អំពីប្រាក់ឧបត្ថម្ភ និង ការចំណាយទូទៅ សម្រាប់និស្សិតទទួលបានអាហារូបករណ៍មកសិក្សានៅសហព័ន្ធរុស្ស៊ី ទើបក្រុមកាងារសមាគមនិស្សិតសម្រេចសរសេរនូវអត្ថបទនេះឡើង ដើម្បីដោះនូវចម្ងល់ទាំងឡាយអំពីការឧបត្ថម្ភ និងការចំណាយផ្សេងៗ។ សម្រាប់អាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី គឺនិស្សិតទទួលបានប្រាក់ឧបត្ថម្ភមិនបានច្រើនដូចប្រទេសដ៏ទៃឡើយ នេះជាកក្តាចម្បងដែលធ្វើឲ្យនិស្សិតមិនសូវមានចំណាប់អារម្មណ៍ជាមួយអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី។

ប្រាក់ឧបត្ថម្ភសម្រាប់និស្សិតស៊ីវិល គឺមានពីរផ្នែក៖

ផ្នែកទីមួយ គឺប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងមួយខែ រាជរដ្ឋាភិបាលឧបត្ថម្ភចំនួន ៥០ដុល្លារសហរដ្ឋអាមេរិក។

ផ្នែកទីពីរ គឺប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលភាគីមិត្តរុស្ស៊ី ក្នុងមួយខែនិស្សិតទទួលបានការឧបត្ថម្ភ ចាប់ពី២.០០០ ដល់ ៥.០០០ រូបល៍ (គិតជាប្រាក់ដុល្លារអាមេរិកចាប់ពី ៣០ដុល្លារ ដល់៨០ដុល្លារអាមេរិក)។ ការឧបត្ថម្ភរបស់រដ្ឋាភិបាលមិត្តរុស្ស៊ី មានចំនួនតិច ឬច្រើនគឺអាស្រ័យទៅតាមសាលាដែលនិស្សិតកំពុងសិក្សា ដោយសាលាខ្លះឧបត្ថម្ភប្រាក់ប្រចាំខែតិច និងសាលាខ្លះឧបត្ថម្ភបានចំនួនច្រើន។ ក្នុងនោះក៏មានប្រាក់លើកទឹកចិត្តប្រចាំខែសម្រាប់និស្សិតរៀនពូកែផងដែរ គឺនិស្សិតដែលទទួលបានពិន្ទុខ្ពស់ប្រចាំឆមាស (ពិន្ទុពេញ៥ពិន្ទុ)។

ដូច្នេះបូកសរុបប្រាក់ឧបត្ថម្ភទាំងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលមិត្តរុស្ស៊ី សម្រាប់និស្សិតស៊ីវិល គឺទទួលបានចំនួនប្រមាណ ៨០ដុល្លារអាមេរិក។

ការចំណាយទៅលើការធ្វើដំណើរមកកាន់រុស្ស៊ីលើកដំបូង គឺថ្លៃទិញសំបុត្រយន្តហោះ បន្ទុកនេះត្រូវបានខាងក្រសួងអប់រំខ្មែរជាអ្នកធនារ៉ាប់រង បានសេចក្ដីថាខាងក្រសួងអប់រំទិញសំបុត្រយន្តហោះជូននិស្សិតធ្វើដំណើរមកកាន់រុស្ស៊ី (ក្រសួងទិញសំបុត្រជូនតែមួយលើកតែប៉ុណ្ណោះ) ក្នុងករណីដែលនិស្សិតមានបំណងចង់ធ្វើដំណើរត្រឡប់ទៅលេងអ្នកផ្ទះពេលសម្រាកពីការសិក្សា ឬនៅពេលបញ្ចប់ការសិក្សាទាំងស្រុងហើយនោះ គឺនិស្សិតត្រូវចំណាយប្រាក់ទិញសំបុត្រដោយខ្លួនឯង។

សម្រាប់ការងារក្រៅម៉ោងរៀន ដើម្បីរកប្រាក់ចំណូលបន្ថែម៖ ជាទូទៅនៅរុស្ស៊ី សម្រាប់និស្សិតបរទេសពិបាកនឹងស្វែងរកការងារធ្វើក្រៅម៉ោងរៀនបន្តិច។ និស្សិតថ្នាក់បរិញ្ញាប័ត្រនឹងគ្មានពេលសម្រាប់ធ្វើការក្រៅម៉ោងរៀនឡើយ ចំពោះតែនិស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតែប៉ុណ្ណោះដែលអាចងាយស្រួល ក៏ដូចជាមានពេលគ្រប់គ្រន់សម្រាប់ធ្វើការក្រៅម៉ោងរៀនបាន។

ការចំណាយផ្សេងៗពេលមកដល់រុស្ស៊ី៖

១. ការចំណាយទិញសម្លៀកបំពាក់ អាវរងារ និង ស្បែកជើង សម្រាប់ទប់ជាមួយអាកាសធាតុត្រជាក់។

២. ការចំណាយលើថ្លៃសេវារ៉ាប់រងសុខភាព (បង់ប្រចាំឆ្នាំ) ដោយត្រូវបង់ក្នុងមួយឆ្នាំម្ដងចាប់ពី ១២០ ទៅ៣០០ដុល្លារអាមេរិក។

៣. ការចំណាយលើថ្លៃកន្លែងស្នាក់នៅ ឬអន្តេវាសិកដ្ឋាន រួមទាំងទឹក ភ្លើង (បង់ប្រចាំឆ្នាំ) ដោយត្រូវបង់ក្នុងមួយឆ្នាំម្ដង ចាប់ពី១២០ ទៅ១៨០ដុល្លារអាមេរិក។

៤. ការចំណាយលើថ្លៃទិដ្ឋាកា ឬវីសា (បង់ប្រចាំឆ្នាំ) ដោយបង់ក្នុងមួយឆ្នាំម្ដងក្នុងតម្លៃចាប់ពី ២៥ ទៅ៣០ដុល្លារអាមេរិក (ទិដ្ឋាការសាលាជាអ្នករៀបចំជូនរៀងរាល់ឆ្នាំម្ដង)។

៥. ការចំណាយប្រចាំខែទៅលើចំណីអាហា និងថ្លៃធ្វើដំណើរទៅសាលា ដោយត្រូវចំណាយជាទូទៅប្រមាណចាប់ពី ២០០ ទៅ៣០០ដុល្លារក្នុងមួយខែ (ការចំណាយនេះមិនទៀងទាត់ទេ ត្រូវចំណាយប្រចាំខែតិច ឬច្រើន គឺអាស្រ័យទៅលើនិស្សិតផ្ទាល់)៕

បញ្ចាក់៖ និស្សិតដែលដាក់ពាក្យស្នើសុំអាហាររូបករណ៍រដ្ឋាភិបាលរុស្ស៊ី ត្រូវប្រាកដថា នឹងទទួលបានប្រាក់ឧបត្ថម្ភពីគ្រួសារប្រចាំខែ ចាប់ពី២០០ ទៅ៣០០ដុល្លារ៕